អំពីព្រះមហាក្សត្រ
មាត្រា៧
ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្ដិ ប៉ុន្ដែទ្រង់មិនកាន់អំណាចឡើយ។
ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត ។
អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។
មាត្រា៨
ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្ដរភាពជាតិ។
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្ដរជាតិ។
មាត្រ៩
ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។
មាត្រា១០
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទសម្រាប់គ្រងរាជ្យសម្បតិ្ដឡើយ។
មាត្រា១១
ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជា ប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។
ក-អនុប្រធានទី១ ព្រឹទ្ធសភា
ខ-អនុប្រធានទី១ រដ្ឋសភា
គ-អនុប្រធានទី២ ព្រឹទ្ធសភា
ឃ-អនុប្រធានទី២ រដ្ឋសភា
មាត្រា១២ ថ្មី
នៅពេលព្រះមហាក្សត្រទ្រង់ចូលទិវង្គត ប្រធានព្រឹទ្ធសភាទទួូលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំបានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាក្សត្រ ក្នុងពេលចូលទិវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី២ និង ទី ៣ នៃមាត្រា១១ ថ្មី។
មាត្រា ១៣ ថ្មី
ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បតិ្ដមានៈ
-ប្រធានព្រឹទ្ធសភា
ប្រធានរដ្ឋសភា
នាយករដ្ឋមន្ដ្រី
សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្ដិកនិកាយ
អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា
អនុប្រធានទី១ និងអនុប្រធានទី២ រដ្ឋសភា
ការរៀបចំ និង ការប្រព្រឹត្ដទៅនៃក្រុមប្រឹក្សារាជ្យសម្បតិ្ដ នឹងមានកំណត់ក្នុងច្បាប់មួយ។
មាត្រា១៤
ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច៣០ ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឫ ព្រះមហាក្សត្រ នរោត្ដម ឫ ក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ។
មាត្រា១៥
ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាាចក្រកម្ពុជា។
មាត្រា១៦
ព្រះមហេសី នៃព្រះរាជាាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ទទួលតួនាទីរដ្ឋបាល ឬយោបាយឡើយ។
ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៌សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និង ការទូត។
មាត្រា១៧
ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្ដិ ប៉ុន្ដែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី ១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។
មាត្រា១៨ ថ្មី
ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ
ព្រះរាជសារនេះ ព្រឹទ្ធសភា និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ។
មាត្រា១៩ ថ្មី
ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋបន្ដ្រី និង ទ្រង់តែងតាំងគណៈរដ្ឋមន្ដ្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី ។
មាត្រា២០
ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឲ្យនាយករដ្ឋមន្ដ្រី និង គណៈរដ្ឋមន្ដ្រីចូលគាល់រាយការណ៌ទូលថ្វាយទ្រង់ជា្របអំពីសភាពការណ៌នៃប្រទេសជាតិ។
មាត្រា២១
តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្រ្ដី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ដ្រីជាន់ខ្ពស់ ស៊ីវិល និង យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។
តាមសេចក្ដីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជ្យក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឫ ដកចៅក្រមផ្នែកយុត្ដាធិការ។
មាត្រា២២ ថ្មី
នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធរណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ដ្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។
មាត្រា២៣
ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកាងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនេះ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។
មាត្រា២៤ ថ្មី
ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្តមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួួយ។
ព្រះមហាក្សត្សទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឺទ្ធសភា។
មាត្រា២៥
ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឫ ប្រេសិតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។
មាត្រា២៦ ថ្មី
ព្រះមហាក្សត្រទ្រង់ឡាយហស្ដលេខាលើសន្ធិសញ្ញា និង អនុសញ្ញាអន្ដរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា។
មាត្រា២៧
ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធីបន្ធូរបន្ថយទោស និង លើកលែងទោស។
មាត្រា២៨ ថ្មី
ព្រះមហាក្ស ទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រូចហើយ និង ទ្រង់ឡាយព្រះហស្ដលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពីគណៈរដ្ឋមន្ដ្រី។
ពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្ដលេខាលើព្រះរាជក្រម ឫ្ ព្រះរាជក្រឹក្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជាសារប្រគល់សិទ្ធី។
មាត្រា ២៩ ថ្មី
ព្រះមហាក្សត្រ ទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយយសជាតិ ។
ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្ដរសក្ដិ ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់ ។
មាត្រា ៣០ ថ្មី
ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្តមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះមហាកក្សត្រ ពេលព្រះអង្គទ្រង់អវត្តមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ថ្មី។